close
chat
phone
help_outline

ចំណេះដឹងអគ្គីសនី

ផ្លូវអគ្គិសនី និង ចំនុចទទួលយកអគ្គិសនី

នៅក្នុងលំនៅដ្ឋាន ជាទូទៅ អគ្គិសនីរត់តាមខ្សែភ្លើង គឺ ខ្សែលោហៈ (ទង់ដែង) ដែលមានស្រោបអ៊ីសូឡង់ ជាជ័រ PVC ឬ XLPE ជាដើម។ ដើម្បីធានាសុវត្ថិភាព(ចៀសវាង ការឆក់អគ្គិសនី ការឆ្លងចរន្តជាដើម) ខ្សែភ្លើងត្រូវតែមាន សភាពល្អ មានន័យថា វាត្រូវតែមានអ៊ីសូឡង់ល្អ គ្មានរលាត់ដាច់ មិនស្រួយ ឬ ប្រេះ និង នៅថ្មីគ្រប់គ្រាន់។ សូមចៀសវាងការប្រើខ្សែចាស់ៗ ដែលមានអ៊ីសូឡង់ខ្វះលក្ខណៈទប់ទល់នឹងតង់ស្យុងអគ្គិសនី អាចអោយមានកំហូច(ឆ្លងភ្លើង) ឬ ខ្វះសុវត្ថិភាព (ឆក់អគ្គិសនី)។ នៅកន្លែងសើម ត្រូវប្រើខ្សែមានអ៊ីសូឡង់ពីរជាន់ ១ជាន់ជាអ៊ីសូឡង់ និង ១ជាន់ក្រៅជាស្រោមការពារអ៊ីសូឡង់។ មិនត្រូវមានតំនដែលអាចជ្រាបទឹក ដូចជាតំនរុំស្កុតជាដើម ។ ត្រូវដាក់ខ្សែអោយផុតពីទឹក(គឺមិនត្រូវត្រាំទឹក) និង អោយផុតពីដៃអ្នកប្រើប្រាស់ (អាចនៅកំពស់២,២ម)។ ចំនុចទទួលយកអគ្គិសនី ជាទូទៅជាឆ្នាប់ចរន្ត ដែលអាចតម្លើងនៅនឹងថ្កល់១កន្លែង ឬ អាចជាប្រភេទចល័ត។ ដើម្បីរក្សាសុវត្ថិភាព សំរាប់ឆ្នាប់ចរន្តប្រើប្រាស់ទូទៅ (មិនលើស១០អាំពែរ) ត្រូវប្រើខ្សែមុខកាត់ ១,៥មម២ ទៅ ២,៥មម២ ទៅតាមប្រវែងខ្សែភ្លើង ដែលតភ្ជាប់ឆ្នាប់ចរន្តនោះទៅដល់ ប្រភពអគ្គិសនីដើមទីរបស់គេហដ្ឋាន។ ឆ្នាប់ចរន្តដែលសំរាប់ចល័ត ត្រូវមាន កុងតាក់រួម ឬ កុងតាក់សំរាប់ឆ្នាប់និមួយៗ ។ ការការពារឆ្លងភ្លើង តម្រូវអោយមាន ហ៊្វុយស៊ីបរួម។ ក្នុងបន្ទប់ គួរមានខ្សែឆ្នាប់ចរន្តយ៉ាងហោច ២ខ្សែ ។ បែបនេះ គេអាចចៀសវាងដោតឧបករណ៍ច្រើនពេក ដែលអាចនាំអោយមានគ្រោះឆេះខ្សែ និង ឆ្នាប់ ហើយអាចនឹងមានគ្រោះអគ្គីភ័យ។