ព័ត៌មានអគ្គិសនីកម្ពុជា
ដោយ : ន.បច្ចេកវិទ្យាព័ត៌មាន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក កែវ រតនៈ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលបានជួយសម្រួល និងតម្លើងត្រង់ស្វូអគ្គិសនី សម្រាប់ប្រើប្រាស់នៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅខណ្ឌព្រែកព្នៅ។
តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា រហូតមកដល់ពេលនេះ មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅខណ្ឌព្រែកព្នៅ ដែលទើបប្រែក្លាយជាមណ្ឌលសម្រាប់ធ្វើចត្ដាឡីស័ក ទៅជាមន្ទីរពេទ្យនេះ មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ហើយ។
លោកស្រី យក់ សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមគណៈកម្មការអន្ដរក្រសួង ក៏ដូចជាក្រសួងសុខាភិបាល ជាមួយសាលារាជធានីភ្នំពេញ សូមថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ និងក្រុមការងារទាំងអស់ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភនូវត្រង់ស្វូនេះ ហើយតម្លើងទាន់ពេលវេលា។ ឥលូវនេះមន្ទីរពេទ្យមានអគ្គិសនីគ្រប់គ្រាន់ អាចមានលទ្ធភាពដំណើរការម៉ាស៉ីន និងឧបករណ៍ផ្សេងៗតាមតម្រូវការ»។
គួរជម្រាបថា ដោយសារជំងឺកូវីដ-១៩ ផ្ទុះរីករាលដាលខ្លាំងក្នុងសហគមន៍ជាលើកទី៣ នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានកែប្រែមណ្ឌលចត្តាឡីស័កព្រែកព្នៅ ទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩។
គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុបចំនួន២៥៩នាក់ ដែលជាច្រើនបំផុតជាជនជាតិចិន រស់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន៕