close
chat
phone
help_outline

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា៖ ត្រឹមចុងឆ្នាំ២០២០នេះ ប្រជាពលរដ្ឋរស់នៅ ១៣,៧៩៨ភូមិស្មើនឹង៩៧.៣៩% មានអគ្គិសនីប្រើប្រាស់ !

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១

(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា គិតត្រឹមចុងឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន ១៣៧៩៨ភូមិ ស្មើនឹង៩៧.៣៩ភាគរយហើយ ដែលមានអគ្គិសនីប្រើប្រាស់ ខណៈសល់ចំនួន ៣៧០ភូមិទៀត ដែលស្មើនឹង២.៦១ភាគរយ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។

បើតាមលោក យឹម វិសិដ្ឋ ប្រជាពលរដ្ឋដែលនៅមិនទាន់មានអគ្គិសនីប្រើប្រាស់នេះ មានតំបន់មួយចំនួន មានភ្លើងពីប្រភពពន្លឺព្រះអាទិត្យប្រើប្រាស់រួចហើយ តាមរយៈការផ្តល់ផ្ទាំងពន្លឺព្រះអាទិត្យរបស់អគ្គិសនីកម្ពុជា ឬទិញខ្លួនឯង។

តាមទិសដៅរបស់ក្រសួងរ៉ែ និងថាមពលកំណត់ថា រហូតដល់ចុងឆ្នាំ២០២០នេះ គ្រប់ភូមិត្រូវមានអគ្គិសនីប្រើប្រាស់ពីគ្រប់ប្រភព ប៉ុន្តែផែនការមិនអាចសម្រេចបានទេ។

លោកបញ្ជាក់ថា «ផែនការនេះ គឺជាមហិច្ឆិតារបស់ក្រសួងដែលបានដាក់ ដើម្បីឲ្យភាគីពាក់ព័ន្ធ ជាពិសេសភាគីពាក់ព័ន្ធក្នុងវិស័យអគ្គិសនីខិតខំ ប៉ុន្តែមកដល់ពេលនេះ យើងមិនអាចសម្រេចតាមផែនការបាន ហើយបញ្ហាប្រឈមសំខាន់ៗ ដែលនាំឲ្យមិនអាចសម្រេចផែនការនេះបាន រួមមាន១៖ តំបន់ទាំងនោះ គឺជាកោះ តំបន់លិចទឹក តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់បណ្តែតទឹក មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ ដែលត្រូវការទុនវិនិយោគច្រើន និងគ្មានលក្ខណៈសេដ្ឋកិច្ច, ២៖ អគ្គិសនីកម្ពុជា ជួបការលំបាកក្នុងការរកកម្ចីទុន, ៣៖ បញ្ហាកូវីដ-១៩ ធ្វើឲ្យអាជីវកម្មរបស់អគ្គិសនីកម្ពុជាធ្លាក់ចុះ កាត់បន្ថយទុនចំណាយសម្រាប់ខ្សែបណ្តាញមេ»

គួររំលឹកថា កាលពីឆ្នាំ២០២០នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា ចាប់ពីរដូវប្រាំងឆ្នាំ២០២០នេះ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៅមុខទៀត គ្មានឡើយការខ្វះខាតអគ្គិសនីប្រើប្រាស់ ដូចជាកាលពីរដូវប្រាំងឆ្នាំ២០១៩៕